loading...

គន្លឹះថែរក្សាស្បែកមុនពេលចូលគេងដ៏សំខាន់ចំនួន ៦ ដើម្បីទប់ស្កាត់ការកើតមុន

នៅពេលអ្នកមកដល់ផ្ទះពីពិធីជប់លៀង ឬបន្ទាប់ពីធ្វើការហត់ពេញមួយថ្ងៃ ហើយឆ្លុះកញ្ចក់មើលខ្លួនឯង រឿងតែមួយគត់ដែលអ្នកអាចនិយាយបានគឺ "សុំទោស មុខដ៏ស្រស់ស្អាតរបស់ខ្ញុំអឺយ ខ្ញុំនឹងថែទាំងអ្នកនៅពេលព្រឹក ឥឡូវនេះហត់ណាស់"។ បន្ទាប់មកពេលអ្នកភ្ញាក់ឡើងក៏ឃើញចេញមុនធំៗពេញមុខរបស់អ្នក។ ហើយឥឡូវរឿងតែមួយគត់ដែលអ្នកនឹងនិយាយគឺ "ឱព្រះអឺយ ត្រូវធ្វើយ៉ាងម៉េចទៅ?" ប្រសិនស្តាប់ទៅទំនងដូចជាទម្លាប់ដែលអ្នកធ្លាប់ធ្វើរាល់ថ្ងៃ អ៊ីចឹងអ្នកចូលអានត្រូវកន្លែងហើយ។ វាមិនយឺតពេលនោះទេក្នុងការបំបាត់ចោលនូវទម្លាប់មួយនេះ ហើយឈោងចាប់យកទម្លាប់ថ្មីមួយវិញ។


ខណៈដែលមនុស្សគ្រប់គ្នាតែងតែកើតមុន ខ្ញុំយកចិត្តទុកដាក់ណាស់ចំពោះស្បែករបស់ខ្ញុំ ដោយត្រូវធ្វើឲ្យប្រាកដថាវាស្អាតជានិច្ចនៅពេលខ្ញុំត្រៀមខ្លួនចូលគេង។ ទម្លាប់ថែរក្សាស្បែកមុនចូលគេងគឺរឹតតែសំខាន់ជាងការថែរក្សាស្បែកពេលព្រឹកទៅទៀត។ រឿងសំខាន់គឺថា កោសិកាស្បែករីកលូតលាស់លឿននៅពេលយប់ជាងនៅពេលថ្ងៃ។ ទោះយ៉ាងណា នៅពេលដែលអ្នកមិនថែរក្សាស្បែកមុនពេលចូលគេង នោះធូលី និងជាតិខ្លាញ់នឹងរារាំងស្បែកមិនឲ្យរីកលូតលាស់ឡើងវិញនោះទេ ដោយបង្កឲ្យស្បែកចេញមុន ស្បែកឆាប់ចាស់ និងខូចស្បែក។ មិនថាអ្នកមានកម្រិតស្ត្រេស៍ បាក់ទឹកចិត្ត នឿយហត់ ឬអស់កម្លាំងយ៉ាងណានោះទេ ត្រូវធ្វើឲ្យប្រាកដថាអ្នកអនុវត្តតាមគន្លឹះនៃការថែរក្សាស្បែកមុនពេលគេងដ៏សំខាន់ទាំងនេះឲ្យបានរៀងរាល់ថ្ងៃ។ អ្នកនឹងមិនត្រឹមតែទប់ស្កាត់ការកើតមុនប៉ុណ្ណោះទេ តែអ្នកថែមទាំងកំចាត់នូវភាពជ្រីវជ្រួញទៀតផង។

១- បញ្ចូលបន្លែបៃតងក្នុងអាហារពេលល្ងាចរបស់អ្នក
ប្រសិនបើអ្នកចង់ក្រោកឡើងជាមួយនឹងស្បែកស្រស់ថ្លា ត្រូវបន្ថែមបន្លែបៃតងទៅក្នុងរបបអាហាររបស់អ្នក ឬញ៉ាំទឹកបន្លែបៃតងនៅពេលយប់ដើម្បីបណ្តេញជាតិពុលចេញពីរាងកាយរបស់អ្នក។ ការមានជាតិពុលច្រើនក្នុងរាងកាយអាចបង្កឲ្យកើតមុន។ បន្លែបៃតង់មានសមត្ថភាពលាងសម្អាតដ៏អស្ចារ្យជាច្រើន ដោយវាជួយឲ្យស្បែករបស់អ្នករក្សាភាពស្រស់ថ្លា និងភ្លឺរលោងពេញមួយថ្ងៃ។ ជម្រើសផ្ទាល់ខ្លួនរបស់ខ្ញុំគឺទឹកបន្លែបៃតង ប៉ុន្តែប្រភេទអាហារស្ពៃស្ពីណាច់ញាំ (Spinach Salad) ក៏អាចជាជម្រើសដ៏អស្ចារ្យផងដែរ។

២- សម្អាតស្បែករបស់អ្នកឲ្យបានត្រឹមត្រូវ
ខ្ញុំមិនមែននិយាយត្រឹមតែការសម្អាតគ្រឿងផាត់មុខរបស់អ្នកប៉ុណ្ណោះទេ។ ខ្ញុំសង្ឃឹមថាអ្នកបានដឹងរួចហើយអំពីសារៈសំខាន់នៃទម្លាប់ថែរក្សាសម្រស់មួយនេះ។ មិនថាអ្នកនឿយហត់ប៉ុនណានោះទេ រឿងទីមួយ ដែលអ្នកគួរធ្វើមុនពេលចូលគេងគឺសម្អាតស្បែកឲ្យបានត្រឹមត្រូវ។ យកគ្រឿងតុបតែងខ្លួនចេញឲ្យអស់រួចលាងសម្អាតមុខរបស់អ្នក ដោយប្រើហ្វូម (Foam) សម្អាតមុខ ឬ ប្រភេទសាប៊ូទឹកៗ (ដែលត្រូវនឹងស្បែករបស់អ្នក)។ នៅពេលអ្នកសម្អាតស្បែករបស់អ្នកបានត្រឹមត្រូវ អ្នកនឹងជម្រុះចេញរាល់ធូលី ដែលអាចបង្កឲ្យកើតមុនក្នុងរយៈពេលតែមួយយប់។

ប្រសិនបើស្បែករបស់អ្នកមានជាតខ្លាញ់ច្រើន ត្រូវធ្វើឲ្យប្រាកដថាអ្នកប្រើក្រែមថែរក្សាស្បែកពីរដងក្នុងមួយសប្តាហ៍ដើម្បីកំចាត់ធូលី និងកោសិកាស្បែកងាប់ចេញឲ្យអស់។ កោសិកាស្បែកងាប់ជួយរួមចំណែកធ្វើកើតមុន នៅពេលពួកវាប៉ះជាមួយនឹងធូលី និងប្រេងលាបស្បែក ដែលហេតុនេះហើយបានជាការជម្រុះកោសិកាងាប់ចេញគឺជារឿងដ៏សំខាន់។

៣- កុំរំលងចោលឲ្យសោះនូវប្រេងរក្សាសំណើមលើស្បែក
ទោះបីជាស្បែកអ្នកមានសំណើមពេញមួយថ្ងៃក៏ដោយ ក៏ស្បែករបស់អ្នកនៅតែត្រូវការជាតិទឹក។ ការលាបប្រេងរក្សាសំណើមលើស្បែកមុនពេលចូលគេងគឺជាគន្លឹះមួយជួយធ្វើឲ្យស្បែកមានសុខភាពល្អ ស្រស់ថ្លា និងលូតលាស់បានល្អនៅពេលព្រឹក។ ទោះយ៉ាងណា​ ត្រូវធ្វើឲ្យប្រាកដថាអ្នកលាងសម្អាតស្បែករបស់អ្នកបានត្រឹមត្រូវជាមុនសិន។ វាជារឿងឥតប្រយោជន៍ ដែលលាបប្រេងរក្សាសំណើមទៅលើស្បែកដែលកខ្វក់។

៤- ទុកឲ្យទូរស័ព្ទរបស់អ្នកសម្រាកនៅពេលយប់
ដោយហេតុថាឥឡូវនេះអ្នកបានសម្អាតស្បែករបស់អ្នកសព្វគ្រប់កន្លែងអស់ហើយនោះ សូមនៅឲ្យឆ្ងាយពីទូរស័ព្ទដៃរបស់អ្នក។ ទូរស័ព្ទបានប្រមូលយកមេរោគ និងបាក់តេរីរាប់តោនពេញមួយថ្ងៃ។ បើទោះបីជាអ្នករក្សាទូរស័ព្ទរបស់អ្នកឲ្យនៅស្អាតក៏ដោយ ក៏នៅតែមានមេរោគណាមួយ ដែលអាចបង្កឲ្យស្បែកចេញមុនបានដែរ។ ទុកទូរស័ព្ទអ្នកនៅឲ្យឆ្ងាយពេលចូលគេង ប្រសិនបើអ្នកចង់ក្រោកឡើងមានអារម្មណ៍រីករាយ ជំនួសឲ្យអារម្មណ៍ខ្វល់ខ្វាយរឿងកើតមុន។

៥- មើលម៉ោងរបស់អ្នក
ការស្រាវជ្រាវជាច្រើនបានបង្ហាញថាការគេងមិនគ្រប់គ្រាន់អាចនឹងទៅរកការកើតមុនដ៏ធ្ងន់ធ្ងរ។ ការគេងគ្រប់គ្រាន់គឺមានសារៈសំខាន់ណាស់សម្រាប់ស្បែករបស់អ្នក។ អ្នកអាចគេង ៨ ម៉ោង ប៉ុន្តែនៅតែក្រោកឡើងមានអារម្មណ៍នឿយហត់ និងមានមុនពេញមុខដដែល។ នេះប្រហែលមកពីអ្នកចូលគេងនៅម៉ោង ១ ឬយប់ជ្រៅជាងនេះ។ ត្រូវចូលគេងមុនម៉ោង ១១ ដើម្បីគេងបានឆ្អែត និងទប់ស្កាត់ការកើតមុន។ វាមិនមានបញ្ហានោះទេក្នុងការខកខានការគេងនៅម៉ោង ១១ ប៉ុន្តែកុំខកខានវាញឹកញាប់ពេក។

៦- ជ្រើសយកស្រោមខ្នើយធ្វើពីក្រណាត់សូត្រ
ស្រោមខ្នើយធ្វើពីក្រណាត់សូត្រមិនត្រឹមតែជួយទប់ស្កាត់ការកើតមុនប៉ុណ្ណោះទេ តែវាថែមទាំងជួយទប់ស្កាត់ភាពជ្រីវជ្រួញ និងស្នាមឆ្នូតវែងៗលើមុខទៀតផង។ ត្រូវឧស្សាហ៍ប្តូរស្រោមខ្នើយតាមដែលអាចធ្វើបាន ប្រសិនបើអ្នកកើតមុនធ្ងន់ធ្ងរ ហើយបើយកល្អគឺប្តូរវាឲ្យបានរាល់ថ្ងៃ។ មិនថាមុខរបស់អ្នកលាងស្អាតប៉ុនណានោះទេ ស្រោមខ្នើយរបស់អ្នកតែងតែជាប្រភពទីពីរនៃធូលី មេរោគ និងបាក់តេរី។ វាចំណាយពេលតែមួយនាទីប៉ុណ្ណោះដើម្បីប្តូរស្រោមខ្នើយ ដូច្នេះកុំខ្ជិលឲ្យសោះ។ មុខរបស់អ្នកនឹងអរគុណអ្នកនៅពេលព្រឹក។

នៅពេលនិយាយដល់ទម្លាប់ថែរក្សាស្បែកមុនចូលគេង ភាពខ្ជិលច្រអូសរបស់អ្នកគឺជាហេតុផលតែមួយគត់ ដែលអ្នកមិនចង់ ឬមិនអាចសម្អាតស្បែករបស់អ្នក។ ស្ត្រីជាច្រើនឆ្ងល់ណាស់ថាហេតុអ្វីបានជាពួកគេចេញមុនច្រើនម៉្លេះ សូម្បីពួកគេបានលុបមុខជម្រះគ្រឿងសំអាង រួចផាត់គ្រឿងសម្អាងថ្មីនៅពេលព្រឹក ញ៉ាំអាហារដែលល្អដល់សុខភាព និងរក្សាសំណើមលើស្បែកពេញមួយថ្ងៃហើយក៏ដោយនោះ។ ចម្លើយគឺច្បាស់ណាស់ថាអ្នកត្រូវយកចិត្តទុកដាក់នឹងទម្លាប់ថែរក្សាស្បែកមុនពេលចូលគេងដូចខាងលើនេះ។ ពេលនោះអ្នកនឹងរីករាយនឹងស្បែកដ៏មានសុខភាពល្អនៅពេលព្រឹកជាមិនខាន៕
Share on Google Plus
    Facebook Comment
    Google+ Comment

0 comments:

Post a Comment

loading...