loading...

សញ្ញា ៦ បង្ហាញថាអ្នកត្រូវតែឈប់តមអាហារ

ក្នុងសង្គមបច្ចុប្បន្ន គេតែងឃើញមនុស្សនាំគ្នាតមអាហារឥតឈប់ឈរ។ អ្នកខ្លះថែមទាំងនិយាយថា វា "ចម្លែក" ប្រសិនបើអ្នកមិនតមអាហារ។ ការតមអាហារចា​ប់ផ្តើមជាមួយនឹងបំណងវិជ្ជមាន (ស្រកទម្ងន់ គ្រប់គ្រងជាតិកូឡេស្តូរ៉ូល ។ល។) ប៉ុន្តែវានឹងឈានដល់ដំណាក់កាលមួយ ដែលការតមអាហារមិនបានបំពេញដល់បំណងប្រាថ្នាដើមនោះទេ។


នៅពេលផែនការតមអាហាររបស់អ្នកបានក្លាយជារឿងគួរឲ្យស្ត្រេស៍ និងធ្វើឲ្យមានបញ្ហាផ្លូវចិត្ត ដូច្នេះវាច្បាស់ជាដល់ពេលដែលអ្នកត្រូវផ្អាកសកម្មភាពតមអាហារនោះហើយ។ ការយកពេលសម្រាកពីការតមអាហារអាចជារឿងអស្ចារ្យសម្រាប់សុខភាពផ្លូវចិត្តរបស់អ្នក ហើយរាងកាយរបស់អ្នកក៏នឹងអរគុណអ្នកខ្លាំងផងដែរ។ ការតមអាហារតឹងតែងពេកមិនត្រឹមតែពុំមានប្រសិទ្ធភាពទេ តែវានឹងរឹតតែធ្វើឲ្យអ្នកកាន់តែញ៉ាំច្រើនជាងមុន ពេលដែលអ្នកបំពានវិន័យតមអាហារ។

ប្រសិនបើអ្នកមានពាក់ព័ន្ធនឹងសញ្ញាដូចខាងក្រោម អ៊ីចឹងវាច្បាស់ជាដល់ពេលដែលអ្នកត្រូវឈប់តមអាហារទៀតហើយ៖

១- ទម្ងន់របស់អ្នកឡើងចុះឥតឈប់ឈរ
នៅពេលអ្នកមើលឃើញទម្ងន់ខ្លួនឯងម្តងស្រក ម្តងឡើង អ៊ីចឹងអ្នកច្បាស់ជារកវិធីផ្សេងដើម្បីឲ្យស្រកទម្ងន់ស្ថេរ ប៉ុន្តែវាមិនបានស្រកស្ថេរនោះទេ ផ្ទុយទៅវិញគឺកាន់តែឡើងថែមទៀត។ ប្រសិនបើទម្ងន់របស់អ្នកឡើងចុះឥតស្រាកស្រាន្ត វាប្រហែលជាសញ្ញាមួយបង្ហាញថា ការតមអាហាររបស់អ្នកពុំមានប្រសិទ្ធភាពសម្រាប់អ្នកនោះទេ។ ការវិលត្រឡប់ទៅរកទម្លាប់ទទួលទានដូចពីមុននឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អប្រសើរ ហើយទម្ងន់របស់អ្នកក៏រក្សាបានស្ថេរផងដែរ។

២- អ្នកគិតឥតឈប់ឈរអំពីអាហារ ដែលអ្នកអាច និងមិនអាចទទួលទាន
ធ្លាប់ដើរចុះឡើងរួចរកនឹកថាតើអ្នកត្រូវញ៉ាំអ្វីនៅពេលបន្ទាប់ដែរឬទេ? តើអ្នកបានបន្ថែមជាតិកាល់ឡូរីចំនួនប៉ុន្មានហើយ? តើអ្នកអាចញ៉ាំនំខេកខួបកំណើតរបស់មិត្តភក្តិបានឬក៏អត់? នៅពេលក្នុងចិត្តរបស់អ្នកពោរពេញដោយភាពស្ត្រេស៍អំពីរឿងតមអាហារ អ្នកនឹងពុំមានពេលវេលាសម្រាប់រីករាយជាមួយនឹងមិត្តភក្តិនោះទេ។ ព្រឹត្តិការណ៍ និងស្ថានការណ៍សំខាន់ៗត្រូវបានចំណាយអស់ទៅលើការគិតអំពីការតមអាហារ។ ប្រសិនបើរឿងនេះកើតឡើងចំពោះអ្នក វាគួរតែដល់ពេលដែលត្រូវផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នកអំពីការតមអាហារហើយៗត្រូវតែចាកចេញពីការតមអាហារជាដាច់ខាត។ ត្រូវចាំថា ជីវិតគឺត្រូវតែមានភាពរីករាយ (ក្នុងនោះចំណីអាហារក៏រួមចំណែកធ្វើឲ្យជីវិតរីករាយដែរ)។

៣- អ្នកមានបញ្ជីវិន័យតមអាហារដ៏វែង
ការតមអាហាររបស់អ្នកគួរតែចាប់ផ្តើមជាមួយនឹងវិន័យសាមញ្ញមួយបានហើយ ដូចជា ត្រូវទទួលទានជាតិកាល់ឡូរីត្រឹមតែ ១៨០០ កាល់ឡូរីក្នុងមួយថ្ងៃ។ល។ បន្ទាប់ពីតមបានមួយរយៈពេលខ្លី អ្នកចាប់ផ្តើមបង្កើតវិន័យច្រើនទៅៗ ជាមួយនឹងបញ្ជីនៃអាហារត្រូវញ៉ាំ និងអាហារមិនត្រូវញ៉ាំមួយច្រវាយ។ ការព្យាយាមប្រកាន់ខ្ជាប់តាមវិន័យទាំងនេះនឹងធ្វើឲ្យអ្នកកាន់តែស្ត្រេស៍ និងអស់សង្ឃឹម។ អារម្មណ៍ទាំងនេះទីបំផុតនឹងនាំឲ្យអ្នកញ៉ាំហួសប្រមាណនៅពេលអ្នកដែលបានបំពានវិន័យ។ ប្រសិនបើរឿងនេះកើតឡើង អ៊ីចឹងដល់ពេលដែលអ្នកត្រូវឈប់តមអាហារហើយ។

៤- អ្នកយល់ថាវាមានការលំបាកណាស់ក្នុងការរីករាយនឹងជីវិត
ដំណើរកម្សាន្តផ្សេងៗ ពិធីជប់លៀង និងការឈប់សម្រាកជាប់គ្នារដឹកបានធ្វើឲ្យអ្នកកើតស្ត្រេស៍ ព្រោះអ្នកមិនអាចញ៉ាំតាមរបៀបដែលអ្នកចង់នោះទេ។ បើបែបៗនេះអ្នកនឹងមិនអាចរស់បានទេ។ ប្រសិនបើអ្នកមានអារម្មណ៍ថាខ្លួនអ្នកមិនអាចរីករាយនឹងឱកាសទាំងអស់នេះទេ គួរតែពិចារណាដកថយពីការតមអាហារទៅ។

៥- អ្នកព្រួយបារម្ភហួសហេតុអំពីការឡើងទម្ងន់
នៅពេលអ្នកភ្ញាក់ឡើងរាល់ព្រឹក រឿងមួយគត់ដែលអ្នកនឹកឃើញគឺសួរខ្លួនឯងថា "តើខ្ញុំមានឡើងទម្ងន់ដែរឬទេ?" ការឡើងថ្លឹងលើជញ្ជីងញឹកញាប់ និងការឲ្យការគិតបែបនេះត្រួតត្រាលើអារម្មណ៍ និងឥរិយាបថរបស់អ្នកអាចជាសញ្ញាអាសន្នមួយបង្ហាញថា ការតមអាហារបានវាយលុកសព្វទីកន្លែងក្នុងចិត្តរបស់អ្នកហើយ។

៦- អ្នកមានអារម្មណ៍ដូចត្រូវគេដកហូតអ្វីៗអស់ពីខ្លួន
ប្រសិនបើអ្នកមានអារម្មណ៍បែបនេះឥតឈប់ឈរដោយសារតែផែនការតមអាហាររបស់អ្នក អ៊ីចឹងគឺដល់ពេលដែលអ្នកត្រូវដកថយចេញពីផែនការតមអាហារហើយ។ អាហារគឺជារបស់ដែលទុកសម្រាប់ឲ្យអ្នករីករាយ និងសម្រាប់ស្រោចស្រង់ជីវិតរបស់អ្នក។ ការទុកឲ្យខ្លួនឯងរីករាយនឹងអាហារដែលអ្នកចូលចិត្តនឹងជួយឲ្យអ្នករកឃើញតុល្យភាពនៃរាល់ចំណីអាហារទាំងឡាយ។ ធ្វើបែបនេះ វានឹងធ្វើឲ្យអារម្មណ៍របស់អ្នកធូរស្បើយឡើង និងរីករាយឡើងវិញជាក់ជាមិនខាន៕
Share on Google Plus
    Facebook Comment
    Google+ Comment

0 comments:

Post a Comment

loading...