loading...

ហេតុផលសំខាន់ចំនួន ៧ ដែលត្រូវញ៉ាំផ្លែប៉ោមរៀងរាល់ថ្ងៃ

គ្មានបញ្ហានោះទេទោះវាជាប៉ោមពណ៌ក្រហម បៃតង ឬលឿងក៏ដោយ អ្នកគួរតែញ៉ាំវារៀងរាល់ថ្ងៃដើម្បីឲ្យមានសុខភាពល្អ និងមានអារម្មណ៍រីករាយ។ ត្រូវចាំ "ផ្លែប៉ោមមួយផ្លែក្នុងមួយថ្ងៃអាចធ្វើឲ្យអ្នកលែងត្រូវការវេជ្ជបណ្ឌិតតទៅទៀត"។ ផ្លែប៉ោមសម្បូរទៅដោយវីតាមីន និងជាតិរ៉ែសំខាន់ៗ ហើយប៉ោមគឺជាប្រភពនៃជាតិហ្វាយបឺដ៏អស្ចារ្យ។ ផ្លែប៉ោមមានរសជាតិឆ្ងាញ់ និង មានអត្ថប្រយោជន៍ច្រើន ហើយគេក៏ងាយស្រួលបញ្ចូលផ្លែប៉ោមទៅក្នុងរបបអាហារប្រចាំថ្ងៃដែរ។ អ្នកមិនចាំបាច់ញ៉ាំប៉ោមស្រស់ៗរាល់ថ្ងៃពេកនោះដែរ។ ប៉ោមបន្ទះបំពង នំធ្វើពីប៉ោម ទឹកផ្លែប៉ោម ប៉ោមស្រូបទឹកសូកូឡា ប៉ោមដុតគឺសុទ្ធសឹងជាជម្រើសល្អទាំងអស់។ កុំភ្លេចទិញប៉ោមពីផ្សារឲ្យសោះ។ ខាងក្រោមនេះគឺជាហេតុផលសំខាន់មួយចំនួនដែលត្រូវញ៉ាំប៉ោមរៀងរាល់ថ្ងៃ។


១- ប៉ោមផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល
ទោះបីជាផ្លែឈើ និងបន្លែភាគច្រើនផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មក៏ដោយ ប៉ុន្តែមានតែផ្លែប៉ោមទេដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលបំផុត ដែលអាចជួយកំចាត់ការបំផ្លាញរបស់រ៉ាឌីកាល់សេរី ជួយធ្វើឲ្យប្រព័ន្ធភាពស៊ាំល្អប្រសើរ និងទប់ស្កាត់ជំងឺផ្សេងៗជាច្រើន។ ត្រូវញ៉ាំប៉ោមនៅពេលព្រឹក បន្ថែមវាចូលទៅក្នុងផ្លែឈើសម្រាប់ពេលព្រឹក ញ៉ាំវាលេងអំឡុងបាយថ្ងៃត្រង់ ឬមុនពេលចូលគេង។ ប្រសិនបើអ្នកចូលចិត្តរបស់ញ៉ាំបែបបំពងជាបន្ទះៗ តែអ្នកព្យាយាមញ៉ាំរបស់ដែលមានសុខភាពល្អ អ៊ីចឹងសូមពិចារណាធ្វើជាប៉ោមបន្ទះបំពង។

២- ប៉ោមជួយរក្សាភ្នែករបស់អ្នកឲ្យមានសុខភាពល្អ
ដោយសារតែសារធាតុប្រឆាំងអុកស៊ីតកម្មដ៏សម្បូរហូរហៀររបស់វា ផ្លែប៉ោមជួយរក្សាភ្នែករបស់អ្នកឲ្យមានសុខភាពល្អ ប្រសិនបើអ្នកញ៉ាំផ្លែប៉ោមមួយផ្លែរៀងរាល់ថ្ងៃ។ ប៉ោមមានអត្ថប្រយោជន៍សុខភាពដ៏អស្ចារ្យចំពោះភ្នែក និងអាចជួយទប់ស្កាត់ជំងឺកាតារ៉ាកទៀតផង។ ការសិក្សាជាច្រើនបង្ហាញថា មនុស្សដែលទទួលទានផ្លែឈើដែលសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជាផ្លែប៉ោម មានឱកាសតិចតួចណាស់ក្នុងការវិវត្តន៍ទៅរកជំងឺកាតារ៉ាក។ ត្រូវទម្លាប់ញ៉ាំផ្លែប៉ោមរៀងរាល់ថ្ងៃចាប់ពីឥឡូវនេះទៅ ហើយអ្នកនឹងមិនចាំបាច់ត្រូវបារម្ភពីជំងឺនេះទេនៅពេលឈានដល់វ័យ ៥០ ឬ ៦០ ឆ្នាំ។

៣- ប៉ោមសម្បូរទៅដោយជាតិហ្វាយបឺ
ផ្លែប៉ោមគឺជាប្រភពដ៏អស្ចារ្យនៃជាតិហ្វាយបឺ ដែលជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងជួយរក្សាប្រព័ន្ធពោះវៀនទាំងមូលរបស់អ្នកឲ្យមានសុខភាពល្អ។ ជាតិហ្វាយបឺក៏អាចជួយគ្រប់គ្រងការឃ្លានរបស់អ្នក និងជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរផងដែរ។ នេះមានន័យថា ប៉ោមមួយផ្លែគឺជារបស់ញ៉ាំលេងដ៏អស្ចារ្យ និងមានសុខភាពល្អ ជាងអាហារទូទៅទៅទៀត។ លើសពីនេះទៀត ជាតិហ្វាយបឺដែលរកឃើញក្នុងផ្លែប៉ោមអាចជួយកាត់បន្ថយកម្រិតជាតិកូឡេស្ទើរ៉ូល និងទប់ស្កាត់ជំងឺរាគរូស និងទល់លាមកផងដែរ។

៤- ប៉ោមជួយច្រោះជាតិពុលចេញពីថ្លើមរបស់អ្នក
ប៉ោមក៏ល្អសម្រាប់ថ្លើមរបស់អ្នកដែរ។ មនុស្សជាច្រើនចូលចិត្តនិយាយអំពីរបបអាហារដែលអាចបំបាត់ជាតិពុល ប៉ុន្តែអ្នកមិនគួរសាកល្បងអាហារណាមួយនោះទេ ប្រសិនបើអ្នកមិនបានសួរយោបល់ពីវេជ្ជបណ្ឌិតរបស់អ្នក។ បន្ទាប់ពីសួរវេជ្ជបណ្ឌិតរួច វាពិតជាលំបាកណាស់ក្នុងការប្រកាន់ខ្ជាប់នឹងរបបអាហារនោះ ប៉ុន្តែសំណាងល្អ អ្នកអាចរក្សាថ្លើមរបស់អ្នកឲ្យមានសុខភាពល្អបានតាមរយៈការទទួលទានផ្លែប៉ោមរាល់ថ្ងៃ។ នៅពេលដែលថ្លើមរបស់អ្នកមានសុខភាពល្អ វានឹងអាចទប់ស្កាត់ជាតិពុលមិនឲ្យចូលក្នុងខ្លួនរបស់អ្នក ដោយមិនចាំបាច់រកភេសជ្ជៈ និងម្សៅបណ្តេញជាតិពុលនោះទេ។ ខ្ញុំគិតថាវាជាហេតុផលល្អមួយដែលត្រូវបន្ថែមផ្លែប៉ោមចូលក្នុងរបបអាហាររបស់អ្នក មិនអ៊ីចឹង?

៥- ប៉ោមជួយរក្សាបេះដូងរបស់អ្នកឲ្យមានសុខភាពល្អ
អត្ថប្រយោជន៍ល្អបំផុតមួយនៃការទទួលទានផ្លែប៉ោមរាល់ថ្ងៃគឺថា វាអាចជួយរក្សាបេះដូងរបស់អ្នកឲ្យមានសុខភាពល្អ។ ដូចដែលខ្ញុំបាននិយាយមុននេះអ៊ីចឹង ជាតិហ្វាយបឺដែលរកឃើញក្នុងផ្លែប៉ោមជួយកាត់បន្ថយកម្រិតជាតិកូឡេស្ទើរ៉ូល ដែលវានឹងកាត់បន្ថយហានិភ័យក្នុងការកើតជំងឺបេះដូង។ ជាងនេះទៅទៀត ប៉ោមអាចជួយទប់ស្កាត់ការកើនឡើងការកកស្ទះក្នុងសរសៃឈាមរបស់អ្នក ដែលវានឹងកាត់បន្ថយនូវហានិភ័យនៃជំងឺគាំងបេះដូង។ តើអ្នកមានដឹងទេថាជំងឺបេះដូងគឺជាឃាតករធំបំផុតរបស់ស្ត្រីៗ? ត្រូវបញ្ចូលផ្លែប៉ោមទៅក្នុងផែនការអាហាររបស់អ្នកដើម្បីរស់នៅបានកាន់តែយូរ និងរស់នៅក្នុងជីវិតមួយដែលមានសុខភាពល្អ។

៦- ប៉ោម​បង្កើន​ការ​ស៊ូទ្រាំ​របស់​អ្នក
ប្រសិនបើអ្នកចង់បង្កើនការស៊ូទ្រាំរបស់អ្នក ត្រូវព្យាយាមញ៉ាំប៉ោមមួយផ្លែមុនពេលហាត់ប្រាណ។ រឿងមួយគឺថា ប៉ោមជួយធ្វើឲ្យអុកស៊ីសែនច្រើនឡើងៗអាចចូលទៅក្នុងសួត ដោយធ្វើឲ្យការហាត់ប្រាណរបស់អ្នកកាន់តែងាយស្រួល និងបានកាន់តែយូរ។ ខ្ញុំតែងតែញ៉ាំទឹកផ្លែប៉ោម មុនពេលរត់ ហើយវាមានប្រសិទ្ធភាពខ្លាំងណាស់សម្រាប់ខ្ញុំ។ ដូច្នេះលើកក្រោយនៅពេលអ្នកទៅហាត់ប្រាណ កុំភ្លេចញ៉ាំប៉ោម ឬផឹកទឹកប៉ោមឲ្យសោះ។ លទ្ធផលអាចនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើលជាខ្លាំង!

៧- ប៉ោមជួយឲ្យស្រកទម្ងន់
តើអ្នកធ្លាប់ឭទេថាអ្នកតមអាហារគួរញ៉ាំអាហារកំប៉ិចកំប៉ុកពេញមួយថ្ងៃ? ផ្លែប៉ោមគឹជាអាហារកំប៉ិចកំប៉ុកមួយដែលអ្នកគួរតែញ៉ាំ ជាពិសេសនៅពេលព្រឹក ប្រសិនបើអ្នកព្យាយាមសម្រកទម្ងន់។ ប៉ោមពុំសូវសម្បូរជាតិកាល់ឡូរីទេ ហើយវាអាចជួយទប់កុំឲ្យមានចំណង់ឃ្លានអាហារ។ នៅពេលដែលអ្នកមានអារម្មណ៍ឃ្លាន ជំនួសឲ្យការឈោងដៃទៅយកស្ករគ្រាប់ ឬដំឡូងបារាំងបន្ទះ អ្នកគួរយកផ្លែប៉ោមមកញ៉ាំ ហើយទាញយកអត្ថប្រយោជន៍សុខភាពរបស់វាឲ្យអស់៕
Share on Google Plus
    Facebook Comment
    Google+ Comment

0 comments:

Post a Comment

loading...