loading...

ឈឺទ្រូង ជាសញ្ញានៃជម្ងឺគ្រោះថ្នាក់ ដែលអ្នកមិនត្រូវ មើលរំលង

ឈឺទ្រូងខាងឆ្វេង អាចជាសញ្ញាដំបូងនៃជម្ងឺបេះដូង សួត ក្រពះ។ល។ ហើយបើសិនមិនយក ចិត្តទុកដាក់ ជម្ងឺទាំងនេះ អាចសម្លាប់អ្នកបាន ក្នុងរយៈពេលខ្លី ពិសេសគឺជម្ងឺបេះដូង។

ជម្ងឺបេះដូង គឺជាមូលហេតុសំខាន់មួយដែលបណ្ដាលឱ្យមានមនុស្សស្លាប់ច្រើនក្នុងពិភពលោក។ មិនត្រឹមតែមនុស្សដែលមានបញ្ហាបេះដូងពីកំណើត សូម្បីតែមនុស្សដែលមានកម្លាំងមាំមួន ក៏ អាចកើតជម្ងឺនេះ ហើយពេលខ្លះ អ្នកជម្ងឺបានមើលរំលងអាការៈដំបូងនេះ នាំឱ្យពួកគេមានការ ប្រឈមនឹងជម្ងឺដ៏កាចសាហាវ។


ការឈឺទ្រូង ជាអាការៈមួយដែលតែងត្រូវបានអ្នកជម្ងឺរអ៊ូរទាំប្រាប់គ្រូពេទ្យ នៅពេលពួកគេទៅ ពិនិត្យបេះដូង ប៉ុន្តែ មិនមែនមានន័យថា រាល់អ្នកជម្ងឺឈឺទ្រូង គឺសុទ្ធតែមានបញ្ហាបេះដូងនោះ ដែរ។

ជម្ងឺបេះដូង
-ការឈឺទ្រូង ដែលមានលក្ខណៈដូចជាត្រូវគេសង្កត់ច្របាច់នៅកណ្ដាល ឬងាកមកខាងឆ្វេងនៃ ដើមទ្រូងបន្តិច និងមានរយៈពេលចាប់ពី ៣០នាទីឡើងទៅ ដោយមិនមានភាពធូរស្រាលពេល ដេកសម្រាក ឬប្រើថ្នាំ Nitroglycerine នោះគេត្រូវគិតដល់បញ្ហាគាំងបេះដូង។

ការឈឺទ្រូងដែលកើតឡើងដោយសារខ្វះឈាមបេះដូង/ខ្លាញ់ក្នុងសរសៃឈាមបេះដូង (ischemic heart disease) តែងតែរាលដាលមកកាន់ដៃឆ្វេង តែវាក៏អាចរាលដាលដល់ដៃស្ដាំ ឬស្មារ ក ខ្នង និងចុងដង្ហើម។

ជម្ងឺក្រពះ
-បើសិនការឈឺចុក ក្រោយពីហូបអាហារ ផឹកទឹក ផឹកស្រា នោះភាគច្រើនគឺដោយសារជម្ងឺ ក្រពះ។ ក៏ប៉ុន្តែ មានករណីមួយចំនួន ការឈឺបែបនេះ ក៏អាចបណ្ដាលមកពីបញ្ហាខ្វះឈាមបេះ ដូងផងដែរ។

តាមធម្មតា អាការៈឈឺចុកដោយសារជម្ងឺខ្វះឈាមបេះដូង ឬខ្លាញក្នុងសរសៃឈាមបេះដូង វា នឹងធូរស្រាលមកវិញ បន្ទាប់ពីបានលេបថ្នាំ Nitroglycerine ឬសម្រាកប៉ុន្មាននាទី (< ៣-៥នាទី)។ ផ្ទុយទៅវិញ បើសិនឈឺក្រពះ ឬបំពង់អាហារ វានឹងមិនងាយធូរស្រាល ឬធូរស្រាលដែរ តែប្រើ ពេលយូរ។

ជម្ងឺសួត
-ឈឺចាប់ភ្លាមៗដូចទៅនឹងត្រូវចុងកំបិត ហើយវានឹងឈឺខ្លាំងឡើងនៅពេលដកដង្ហើមចូល ឬ ពេលដេកផ្ងារ នោះគឺអាចបណ្ដាលមកពីរលាកសួត។ ជាងនេះ អាការៈខាងលើក៏អាចបណ្ដាល មកពីបញ្ហារលាកស្រោមបេះដូង (pericardium) ក៏ថាបាន។

នៅពេលមានអាការៈឈឺទ្រូងខាងឆ្វេង សូមកុំមើលស្រាល អ្នកគួរទៅពិនិត្យសុខភាពដើម្បីឱ្យ ដឹងថា អ្នកមានជម្ងឺបេះដូងឬអត់ និងដើម្បីព្យាបាលឱ្យទាន់ពេលវេលា។ នៅកន្លែងពិនិត្យសុខភាព អ្នកអាចនឹងត្រូវបានពិនិត្យសួតដោយកាំរស្មីអិច ពិនិត្យបេះដូងដោយការវាស់ចង្វាក់បេះដូង (ECG) និងអូកូបេះដូង និងសុងក្រពះដើម្បីឱ្យដឹងថា អ្នកមានជម្ងឺក្រពះឬអត់។ ក្រៅពីនេះ អ្នកក៏ នឹងត្រូវបានបូមឈាម យកទៅពិនិត្យរកជម្ងឺផ្សេងៗដែលពាក់ព័ន្ធផងដែរ៕
Share on Google Plus
    Facebook Comment
    Google+ Comment

0 comments:

Post a Comment

loading...