loading...

ហេតុផលល្អដល់សុខភាពចំនួន ៥ ក្នុងការផឹកសូកូឡាក្តៅ

ក្នុងនាមជាភេសជ្ជៈរដូវរងាដ៏ពេញនិយមបំផុតមួយ សូកូឡាក្តៅសម្បូរទៅដោយអត្ថប្រយោជន៍អស្ចារ្យជាច្រើន។ វាមិនត្រឹមតែជួយរក្សាកម្តៅរបស់អ្នកអំឡុងរដូវរងាដ៏ត្រជាក់ប៉ុណ្ណោះទេ តែវាថែមទាំងអាចជម្រុញដល់សុខភាពជារួមរបស់អ្នកទៀតផង។ សូកូឡាខ្លួនវាផ្ទាល់គឺសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ដែលជួយទប់ស្កាត់ជំងឺបេះដូង ការធ្លាក់ចុះសមត្ថភាពភ្នែកដោយសារវ័យជរា ការចាស់មុនអាយុ និងថែមទាំងអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីករបស់អ្នកទៀតផង ដោយសារសារធាតុទាំងនេះប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរីក្នុងខ្លួនរបស់អ្នក។ សូកូឡាកាន់តែខ្មៅ វាកាន់តែមានសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លាបំផុត។ ទោះយ៉ាងណា អ្នកប្រហែលជាមានការងឿងឆ្ងល់ថាតើសូកូឡាក្តៅមួយពែងមានអត្ថប្រយោជន៍សុខភាពដូចដុំសូកូឡាដែរឬក៏អត់។


សូកូឡាក្តៅត្រូវបានប្រើជាយូរឆ្នាំមកណាស់មកហើយដើម្បីព្យាបាលជំងឺផ្សេងៗ និងបំបាត់នូវអារម្មណ៍មិនល្អ។ វាត្រូវគេស្គាល់ថាជាភេសជ្ជៈល្អដល់សុខភាពយ៉ាងពិសេសពីសតវត្សរ៍ទី ១៦ ដល់ ១៩ ហើយជួនកាលត្រូវគេប្រើធ្វើជាឱសថផងដែរ។ សព្វថ្ងៃ មនុស្សមិនបានចាត់ទុកសូកូឡាក្តៅជាឱសថនោះទេ តែបានផឹកវាកាន់តែច្រើនមិនធ្លាប់មានពីមុនមកនោះទេ! មានរូបមន្តធ្វើសូកូឡាក្តៅដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងល្អដល់សុខភាពជាច្រើន ដែលអ្នកអាចសាកល្បងដើម្បីរីករាយនឹងអត្ថប្រយោជន៍សុខភាពជាច្រើនពីការផឹកសូកូឡាក្តៅដូចខាងក្រោម។

១- វាជួយបង្កើនថាមពលខួរក្បាល
ការសិក្សាបានបង្ហាញថាការផឹកសូកូឡាក្តៅអាចជួយបង្កើនថាមពលខួរក្បាលរបស់អ្នក និងធ្វើឲ្យសុខភាពខួរក្បាលជារួមរបស់អ្នកមានភាពល្អប្រសើរ។ សារធាតុ Flavonoid ក្នុងសូកូឡាក្តៅបង្កើននូវលំហូរឈាម និងអុកស៊ីសែនទៅកាន់ខួរក្បាលរបស់អ្នក ដោយជួយអ្នកក្នុងការគិតបានល្អប្រសើរ។ ប្រសិនបើអ្នកចង់បង្កើនការចងចាំ សូមសាកល្បងផឹកសូកូឡាក្តៅពីរពែងក្នុងមួយថ្ងៃ។ អ្នកនឹងមិនត្រឹមតែធ្វើឲ្យការចងចាំល្អប្រសើរប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យអារម្មណ៍របស់អ្នកស្រស់ស្រាយទៀតផង។ ត្រូវធ្វើឲ្យប្រាកដថាអ្នកមិនប្រើស្ករច្រើនពេកនៅក្នុងសូកូឡាក្តៅរបស់អ្នក។

២- វាផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មយ៉ាងច្រើន
ផ្អែកតាមការស្រាវជ្រាវមួយ ដែលរៀបចំដោយសាកលវិទ្យាល័យ Cornell University សូកូឡាក្តៅផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជាងតែបៃតង និងស្រាទៅទៀត។ ជាងនេះទៅទៀត ការផឹកសូកូឡាក្តៅគឺជាវិធីដ៏មានឱជារសបំផុតដើម្បីទទួលបានសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលពីក្នុងសូកូឡា។ សូកូឡាក្តៅផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជាងដុំសូកូឡាធម្មតា ព្រោះវាបញ្ចេញសារធាតុប្រឆាំងអុកស៊ីតកម្មច្រើននៅពេលសូកូឡាត្រូវបានដុតកម្តៅ។

៣- វាជួយធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ
សូកូឡា រួមទាំងសូកូឡាក្តៅ ត្រូវគេល្បីថាជាអ្នកជួយធ្វើឲ្យមានអារម្មណ៍ល្អ។ ភេសជ្ជៈដ៏មានឱជារសនេះជួយបំបាត់នូវភាពស្ត្រេស៍ ឬតប់ប្រមល់ ភាពធុញថប់ និងការបាក់ទឹកចិត្ត។ សូកូឡាក្តៅជួយជម្រុញនូវការបញ្ចេញប៉ិបទីត (ដែលផលិតដោយខួរក្បាលមានសកម្មភាពបំបាត់ការឈឺចាប់) ដែលជួយធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងសប្បាយរីករាយ។ ប៉ុន្តែ បញ្ហាគឺថា សូកូឡាក្តៅអាចផ្ទុកនូវជាតិស្ករខ្ពស់ ដែលមិនល្អទេសម្រាប់សុខភាពរបស់អ្នក។ សូមពិចារណាឆុងសូកូឡាក្តៅឥតដាក់ស្ករដើម្បីទាញយកអត្ថប្រយោជន៍ទាំងអស់របស់វា។

៤- វាល្អសម្រាប់សុខភាពសរសៃឈាមរបស់អ្នក
សារធាតុ Flavonoid ដែលគេរកឃើញក្នុងសូកូឡាក្តៅ គឺល្អណាស់សម្រាប់សុខភាពសរសៃឈាមរបស់អ្នក។ សារធាតុ Flavonoid កាត់បន្ថយហានិភ័យនៃជំងឺបេះដូងតាមរយៈការបញ្ចុះសម្ពាធឈាម និង ជម្រុញឲ្យសរសៃឈាមល្អប្រសើរឡើង។ សូមជ្រើសរើសផឹកសូកូឡាក្តៅដើម្បីសុខភាព និងត្រូវធ្វើឲ្យប្រាកដថាផឹកវាក្នុងកម្រិតមធ្យម។ ត្រូវចងចាំថា សូកូឡាខ្លួនវាផ្ទាល់ផ្ទុកនូវជាតិស្ករ និងខ្លាញ់ចម្រាញ់ពីសត្វ ដូចនេះអ្នកមិនអាចអនុញ្ញាតឲ្យខ្លួនអ្នកផឹកលើសពីពីរពែងក្នុងមួយថ្ងៃឡើយ។

៥- វាអាចជួយអ្នកឲ្យស្រកទម្ងន់បាន
ប្រសិនបើអ្នកកំពុងព្យាយាមធ្វើឲ្យចុះទម្ងន់ប៉ុន្មានគីឡូថែមទៀត អ៊ីចឹងការផឹកសូកូឡាក្តៅអាចជួយអ្នកឲ្យសម្រេចគោលដៅសម្រកទម្ងន់របស់អ្នកបាន។ នៅពេលឆុងវាបានត្រឹមត្រូវ សូកូឡាក្តៅនឹងក្លាយជាភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ និងមានជាតិកាល់ឡូរីទាប ដែលអ្នកអាចរីករាយគ្រប់ពេល ដែលអ្នកមានចំណង់ចង់ផឹកសូកូឡា។ លើសពីនេះទៀត ការផឹកសូកូឡាក្តៅដែលមានជាតិកាល់ឡូរីទាបមួយពែងជួយទប់ស្កាត់ការស្រូបចូលនូវជាតិស្ករ និងជាតិកាល់ឡូរីខ្ពស់របស់អាហារមួយចំនួន ដូចជា នំដូណាត់ នំប៉ាស្ទើរី និងនំខេកជាដើម។

ឥឡូវនេះអ្នកបានដឹងហើយអំពីអត្ថប្រយោជន៍សុខភាពល្អបំផុតមួយចំនួននៃការផឹកសូកូឡាក្តៅ អ៊ីចឹងតើអ្នកនៅចាំអ្វីទៀត? ប្រញាប់ទៅផ្ទះបាយហើយឆុងភេសជ្ជៈអស្ចារ្យសម្រាប់រដូវរងានេះទៅ។ នៅពេលឆុងសូកូឡាក្តៅ ចូរជ្រើសរើសយកទឹកដូងដែលពុំសូវផ្អែម ឬទឹករុក្ខជាតិអាម៉ង់ (Almond) ជំនួសឲ្យទឹកដោះគោ ហើយចៀសវាការដាក់ស្ករ។ ចូរចាំថា ការដាក់ស្ករកាន់តែតិចក្នុងភេសជ្ជៈរបស់អ្នក វានឹងកាន់តែល្អដល់សុខភាពរបស់អ្នក៕
Share on Google Plus
    Facebook Comment
    Google+ Comment

0 comments:

Post a Comment

loading...