អ្នកនាំពាក្យក្រសួងវប្បធម៌ថាអ្នកនិពន្ធបទ“ទាល់តែយូរទើបអោយស៊ីបាន” មិនស្គាល់ពាក្យខ្មែរ
អ្នកនាំពាក្យក្រសួងវប្បធម៌ លោក ថៃ នរៈសត្យា បានចាត់ទុកបទចម្រៀង“ទាល់តែយូរទើបអោយ
ស៊ីបាន”ដែលកំពុងរងការរិះគន់នៅលើបណ្តាញសង្គមហ្វេសប៊ុក ប្រាសចាកពី”ភាពថ្លៃថ្នូរនៃសង្គម
ខ្មែរ” ដោយលោកថាលោកមិនគាំទ្របទចម្រៀងមួយនេះនោះទេ។
បទចម្រៀង“ទាល់តែយូរទើបអោយស៊ីបាន”កំពុងរងការរិះគន់យ៉ាងចាស់ដៃក្នុងបណ្តាញសង្គម
ហ្វេសប៊ុក ដោយមតិភាគច្រើនលើកឡើងថាអត្ថន័យវាមិនបង្ហាញពីចំណេះដឹងឬភាពថ្លៃថ្នូរ
នៃសង្គមខ្មែរ។ បទចម្រៀងនេះត្រូវបានអ្នកចម្រៀងឈ្មោះ ម៉ាលីស លើកមកច្រៀងនៅក្នុងកម្មវិធី
កំសាន្តមួយរបស់ទូរទស្សន៍MyTVកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ហើយបន្ទាប់មកត្រូវបាន
ចែករំលែកជាបន្តបន្ទាប់នៅលើហ្វេសប៊ុក។
ឆ្លើយតបនឹងបញ្ហានេះ លោក ថៃ នរៈសត្យា ប្រាប់វីអូឌីដឹងនៅថ្ងៃពុធនេះថាលោកនឹងលើកយក
ប្រធានបទចម្រូងចម្រាសនៃបទចម្រៀងមួយនេះមកប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងវប្បធម៌
នៅរសៀលនេះ។ ទោះជាយ៉ាងណា លោកថាលោកមិនគាំទ្រនឹងការនិពន្ធបទចម្រៀងមួយនេះ
នោះទេ។ លោកមានប្រសាសន៍ថា៖ “ខ្ញុំខ្លួនឯង ខ្ញុំមិនគាំទ្រទេ។ ការដាក់អត្ថន័យនិង
បទចម្រៀងអញ្ចឹងៗ វាដូចជាអ្នកនិពន្ធខ្មែរហ្នឹងមិនស្គាល់ពាក្យខ្មែរ អ្នកនិពន្ធខ្មែរមិនលើកទឹកចិត្ត
ទៅដល់ភាពថ្លៃថ្នូរទេ អញ្ចឹងគេសម្រាប់និយាយលេងបាន សម្រាប់និយាយខាងក្រៅ និយាយ
របៀបឌឺដង របៀបលេងសើច តាប៉ែខាងក្រៅ មិនមែនជាទីប្រជុំរបស់អ្នកដែលមានចំណេះឬក៏
អ្នកដែលគួរឲ្យកោតគោរព យើងអាចនិយាយបាន តែដល់តែយើងនិយាយជាតំណាង
សាធារណៈជនអីចឹងទៅ វាដូចជាហួសហេតុពេក មិនគោរពក្រមសីលធម៌ វិជ្ជាជីវៈសង្គមមនុស្ស
របស់យើង”។
វីអូឌីមិនអាចសុំការបកស្រាយពីអ្នកនិពន្ធបទចម្រៀងនេះបាននៅឡើយទេ។
មួយផ្នែកនៃបទចម្រៀងនោះមានអត្ថន័យថា៖ “…ភាគច្រើនទាល់តែយូរទើបស៊ីបានពៅ ទាល់តែ
យូរទើបស៊ីអូនបានជីវ៉ា ប្រុសស្មោះបានត្រឹមតែមួយក្តា ទៅរកឯផ្សារទៅណាបង ទាល់តែយូរ
ប៊ីស៊ីណាពៅ ទាល់តែយូរប៊ីស៊ីណាព្រលឹង មើលចុះចរិកបងឡើងអញ្ចឹង ខំប្រឹងទៀតទៅ ក្រែងបាន
ស្ពាយថ្នាំពេទ្យ”។
អតីតអ្នកនិពន្ធបទចម្រៀងរបស់ផលិតកម្មហង្សមាស លោក សុខ ជំនោរ បានសរសេរនៅលើ
ហ្វេសប៊ុកកាលពីថ្ងៃចន្ទថា៖ “បទចម្រៀងទាល់តែយូរទើបស៊ីអូនបាន មិនមែនជាបទចម្រៀងទេ តែជាសម្រង់ពាក្យដែលស្ទាវនិយាយលេង ហើយប្រហែលផលិតឡើងក្នុងគោលដៅអ្វីមួយផ្សេង។ ខ្ញុំយល់ថា បទនោះ សមទាំងដងទាំងផ្លែ”។
គួរបញ្ជាក់ថាកន្លងទៅ ក្រសួងវប្បធម៌និងក្រសួងព័ត៌មានក៏ធ្លាប់បិទការផ្សព្វផ្សាយបទចម្រៀង
មួយចំនួនផងដែរ ដូចជាបទអាម៉ុមប៉ុមពីតនិងបទដួលគងចំប៉ាន់ជាដើម៕
0 comments:
Post a Comment