ខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្រុមជម្រើសជាតិស៊ុយអែត Zlatan Ibrahimovich បានប្រកាសកាលពីថ្ងៃអង្គារថា រូបលោកនឹងចូលនិវត្តន៍ក្រោយព្រឹត្តិការណ៍យូរ៉ូ២០១៦បញ្ចប់។ យ៉ាងណាមិញ ព្រឹត្តិការណ៍នេះមិនទាន់ចប់ស្រួលបួលផង Ibrahimovich ត្រូវដល់វេលាចាកចេញពីក្រុមជម្រើសជាតិរបស់ខ្លួន ក្នុងវ័យ៣៤ឆ្នាំ បន្ទាប់ពីចាញ់បែលហ្ស៊ិក១-0 កាលពីយប់ថ្ងៃទី២២ មិថុនា ធ្វើឱ្យស៊ុយអែតមិនមានឱកាសឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ។
ទោះបីយ៉ាងណា មានប្រភពខ្លះផ្សាយថា កីឡាករឆ្នើមប្រចាំប្រទេសរូបនេះ នឹងចូលលេងក្នុងក្លិបMan Utd នៅរដូវកាលថ្មីខាងមុខ ក្រោយពីផ្លាស់ចេញពីក្លិបបារាំង Paris SG។
គ្រូបង្វឹកក្រុមជម្រើសជាតិលោក Erik Hamren បាននិយាយថា៖ «ក្នុងប្រទេសដ៏តូចមួយដូចស៊ុយអែត គឺមិនអាចមានកីឡាករណាដូច Ibrahimovich ទេ ។ គាត់ពិតជាអស្ចារ្យណាស់» ។
ជាមួយគ្នានេះដែរ Ibrahimovich បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានថា៖ «ខ្ញុំមានអារម្មណ៍សោកស្តាយណាស់ដែលមិនបានជួយឱ្យស៊ុយអែតឡើងទៅវគ្គបន្ទាប់ ប៉ុន្តែយើងក៏ត្រេកអរផងដែរ ព្រោះយើងមានឱកាសបានឡើងដល់វគ្គជម្រុះក្នុងពូល និងបានលេងជាតំណាងប្រទេស» ។
គួររំលឹកថា Ibrahimovich ចូលលេងក្នុងក្រុមជម្រើសជាតិនៅឆ្នាំ២០០១ និងរកបាន៦២គ្រាប់ក្នុងចំណោម១១៦ប្រកួតច្រើនជាងកីឡាករផ្សេងទៀតក្នុងប្រទេស ៕

0 comments:
Post a Comment